ភ្នំពេញ៖ ជុំវិញអវត្តមានថ្នាក់ដឹកនាំមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាក្នុងនាម ប្រធានអាស៊ានបានអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឱ្យមកចូលរួមដែរ តែមីយ៉ាន់ម៉ាខ្លួនឯងទេដែលបានសម្រេចចិត្តមិនអញ្ជើញមក។
ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១១វិច្ឆិកានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ថា កៅអី និង ទង់ជាតិមីយ៉ាន់មានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែអវត្តមានតំណាងមីយ៉ាន់ម៉ា មិនបានមកចូលរួមតាមការអញ្ជើញរបស់កម្ពុជា។
អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានថ្លែងថា«យើងមិនមែនមិនអញ្ជើញទេ ប៉ុន្ដែគ្រាន់តែយើងអញ្ជើញតំណាងមិននយោបាយ គាត់សម្រេចថាគាត់មិនមក ដូច្នេះ យើងនៅតែរក្សាកៅអីនិងទង់ជាតិរបស់មីយ៉ាន់ម៉ានៅទីនោះ ហើយការសម្រេចិត្តយើងគិតថាជាការសម្រេចិត្តតាមរយៈកុងសង់ស៊ីស បើយើងមិនអញ្ជើញ មិនមែនកុងសងស៊ីសទេ បានន័យថាយើងដកគាត់ចេញពីកិច្ចប្រជុំមួយនេះហើយ»។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ាន មីយ៉ាន់ម៉ាបានចូលរួម និង បានបញ្ជូននូវការយល់ឃើញការព្រួយបារម្ភ ឬធាតុចូលរបស់ខ្លួនទៅលើឯកសារជាច្រើនរួចមកហើយ។ ក្នុងន័យនេះ មីយ៉ាន់ម៉ា បន្ដសហការផ្ដល់ភាពងាយស្រួលដល់ប្រទេសជាសមាជិក គ្រាន់តែពេលខ្លះមានបញ្ហាមួយចំនួន ដែលត្រូវការស្វែងរកដំណោះស្រាយរួម ឬ រកចំណុចមួយដែលអាចយល់ស្របជាមួយគ្នាបាន ដើម្បីធ្វើយ៉ាងណាឱ្យការសម្រេចចិត្តធ្វើដំណើរទៅមុខ ដោយមិនមានផលប៉ះពា ល់៕ ដោយ៖ គង់ សេដ្ឋាមុនី