ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ ថា មានបុរសជនជាតិកូរ៉េម្នាក់រត់ចូលក្បួនគណប្រតិភូកូរ៉េនិងត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមុខបដិសេធថា បុរសជនជាតិកូរ៉េដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺមិនមែនរត់សំដៅទៅរកក្បួនវីអាយភី (VIP) របស់ប្រធានាធិតីកូរ៉េនោះទេ។
លោកពន្យល់ថា សមត្ថកិច្ចនៅលើផ្លូវសហព័ន្ធរុស្ស៊ីបានឃើញបុរសជនជាតិកូរ៉េរូបនោះដើរឆ្លងផ្លូវ និងបានដើរចង្អុលរថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរ មិនដឹងជាគាត់មានបំណងឲ្យរថយន្តឈប់ដើម្បីដើរឆ្លងផ្លូវឬក៏យ៉ាងម៉េច ទើបសមត្ថកិច្ចបានធ្វើការឃាត់ដើម្បីសួរនាំ ប៉ុន្តែហាក់ដូចជាមិនស្តាប់សមត្ថកិច្ច និងបានចង្អុលមុខមកលើសមត្ថកិច្ច ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ករណីនេះបានកើតឡើងមុនពេលដែលក្បួនបានមកដល់ប្រហែល ១៥ទៅ២០នាទី មិនមែនមានការរត់ចូលក្បួនដូចការចុះផ្សាយនោះទេ។ ហើយសមត្ថកិច្ចបាននាំគាត់ទៅសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ។
លោក Yoon Suk- yeol ប្រធានាធិតីនៃប្រទេកូរ៉េខាងត្បូង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស KG 001 នៅវេលាម៉ោង ១២ ៤៧ នាទី នៅរសៀលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ដើម្បីចូលរួមនៅក្នុងច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ៕ ដោយ៖ ពុទ្ធិពល