ឃាត់ខ្លួនជនសង្ស័យចំនួន១៤ នាក់ ក្នុងករណីប្រើបាស់កាំបិតប៉័ងតោប្លន់យកម៉ូតូ

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោ បានធ្វើការបង្រ្កាបករណីប្រើបាស់កាំបិតប៉័ងតោប្លន់យកម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៤ នាក់ សញ្ជាតិខ្មែរ (ប្រុសទាំងអស់)។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់នគរបាលខណ្ឌដង្កោ នៅទី១៣ ខែតុលា ឆ្នាំ២០២២។

នគរបាលខណ្ឌដង្កោ បានអះអាងថា ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ដំបូង ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង ៤នាក់ ខាងលើរួចមក សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន១០ នាក់ បន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីនគរបាលខណ្ឌដង្កោ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅនគរបាលខណ្ឌដង្កោ បណ្ដោះអាសន្ន និងវត្ថុតាងដែលចាប់យក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីតាមច្បាប់ជាធរមាន៕ ដោយ៖ ឆឹម ទិត