ក្រសួងសាធារណការ ស្នើឱ្យUNOPS ពិនិត្យលើសំណើគម្រោង ធំៗចំនួន០៣

ភ្នំពេញ៖ ក្រសួងសាធារណការ ស្នើឱ្យUNOPS ពិនិត្យលើសំណើរបស់ក្រសួងទាក់ទងទៅនឹ ងគម្រោងធំៗចំនួន០៣។

សំណើនេះធ្វើឡើងដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ ខណៈលោកស្រី Sharon LEWIS នាយិកាកម្មវិធីនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងជំនួបនេះ លោក រដ្ឋលេខាធិការ រស់ វណ្ណា បានស្នើឱ្យUNOPS ពិនិត្យលើសំណើ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យគ្រប់គ្រងទឹកកខ្វក់ និងការរៀបចំប្លង់មេ(Master Plan) តាមបណ្តាតំបន់នៃខេត្តនីមួយៗ, ការផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (ប្រសិនបើអាច) ដោយហេតុថា ក្រសួង ក៏ដូចជារដ្ឋាភិបាលកំពុងជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្ត អគ្គិសនី និង ការជួយកសាងច្បាប់ស្តីពីការបំពុលបរិស្ថានសមុទ្រ ដោយផ្អែកលើUNOPS មានគម្រោងសហប្រតិបត្តិការជាមួយអាស៊ានលើ Maritime plastic ព្រមទាំងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយអ្នកជំនាញរវាងស្ថាប័នទាំងពីរ។

ជាមួយគ្នានេះ រដ្ឋលេខាធិការ បានលើកឡើងអំពីកាលានុវត្តន៍ភាពនៃកិច្ចសហការធ្វើឱ្យប្រសើរឡើងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងUNOPS ទាក់ទងនឹងវិស័យអាទិភាពដែលជាការទទួលខុសត្រូវរបស់ក្រសួង ដើម្បី ឆ្លើយតបតាមគោលដៅយុទ្ធសាស្ត្រ និងបេសកកម្មក្រសួង ក៏ដូចជារាជរដ្ឋាភិបាល និងការងារអាទិភាព ចំនួន៤រួមមាន ការងារប្រព័ន្ធទឹកកខ្វក់, ការងារដឹកជញ្ជូន, ឡូជីស្ទីក , និងការងារផ្លូវសមុទ្រជូន UNOPS ពិនិត្យពិចារណា៕ ដោយ៖ សាន សៀងហៃ