ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋឱ្យលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ទៅជល់ ព្រោះច្បាប់មិនអនុញ្ញាត។
ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នាថ្ងៃ៧ តុលា នាយឧត្តមសេនីយ៍ ខៀវ សុភ័គលើកឡើងថា សមត្ថកិច្ចលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបចិញ្ចឹមមាន់ តែមិនត្រូវស្ពាយមាន់ទៅជល់ឡើយ ព្រោះមានអាជ្ញាធរចាត់វិធានការបង្ក្រាបគ្រប់ពេលវេលា។
ក្នុងនោះលោកថា អាជ្ញាធរ ក៏ត្រូវបង្ក្រាបកន្លែងចិញ្ចឹមដែរ។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា «ការចិញ្ចឹមមាន់ ចិញ្ចឹមបានតើ នៅក្នុងកន្លែងគាត់ចិញ្ចឹមមាន់ ប៉ុន្ដែសំខាន់កុំឱ្យស្ពាយមាន់ទៅជល់ ។ អាហ្នឹងបានយើងមានវិធានការ គាត់ចិញ្ចឹម ចិញ្ចឹមចុះ ចិញ្ចឹមកាន់តែច្រើន កាន់តែល្អ ប៉ុន្ដែបើសិនគាត់ស្ពាយមាន់នឹងទៅយកដាក់ជល់អាហ្នឹងហើយ យើងមិនលើកទឹកចិត្តទេ»។
ជាមួយគ្នានេះលោកបន្តទៀតថា សមត្ថកិច្ចក៏បានលើកទឹកចិត្តដល់ពលរដ្ឋលេងកីឡា ប៉ុន្ដែមិនលើកទឹកចិត្តឱ្យលេងភ្នាល់ដាក់លុយឡើយ។
លោក ខៀវ សុភ័គ ឱ្យដឹងទៀតថា ទោះបីមានការរិះគន់នៅពីក្រៅប្រទេសអំពីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក៏ដោយ ក៏សមត្ថកិច្ចបន្ដបង្ក្រាបដែរ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ជាពិសេស សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាបកន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត-រាជធានី និងមន្ត្រីមូលដ្ឋានចាត់វិធានការទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ ៕ ដោយ៖ រិន ចំរើន