បាត់ដំបង៖ សាលាគណខេត្តបាត់ដំបង មិនអនុញ្ញាតឱ្យព្រះសង្ឃគ្រប់ព្រះអង្គនិមន្ដចូលក្នុងតំបន់ប្រារព្ធពិធីតាំងពិព័រណ៍បុណ្យអុំទូក និងបណ្ដែតប្រទីប សម្រាប់ឆ្នាំ២០២២។
ក្នុងសេចក្ដីណែនាំកាលពីថ្ងៃទី០៤ តុលាបានបញ្ជាក់ថា ដោយមើលឃើញថាក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប ឆ្នាំ២០២២នេះ មានមនុស្សច្រើនកុះករដែលមកពីគ្រប់ទិសទី និងមិនមែនជាទីកន្លែងដែល ភិក្ខុ សាមណេរ គួរនិមន្ដទៅ។
សកម្មភាព និងរូបភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្ដីថ្លៃថ្នូរ ភេទជាអ្នកបួស និងធម៍វិន័យ ធ្វើឱ្យជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀតផង។
ដើម្បីលើកកម្ពស់ កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃ សាលាគណខេត្តបាត់ដំបង់ សហការជាមួយមន្ទីរធម្មការនិងសាសនា ចេញសេចក្ដីណែនាំទប់ស្កាត់ មិនអនុញ្ញាតឱ្យ ភិក្ខុ សាមណេរ និមន្ដចូលរួមក្នុងតំបន់ប្រារព្ធពិធីតាំងពិព័រណ៍បុណ្យអុំទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក នៅថ្ងៃទី០៩-១០ តុលា ឆ្នាំ២០២២ តាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង៕ ដោយ៖ សាន សៀងហៃ