ក្រសួងយុត្តិធម៌ ដាក់ចេញទិសដៅយុទ្ធសាស្ត្រចម្បងចំនួនពីរ ដើម្បីធ្វើឱ្យវិស័យយុត្តិធម៌នៅកម្ពុជាមានប្រសិទ្ធភាព

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌បានដាក់ចេញទិសដៅ យុទ្ធសាស្រ្ដចម្បងចំនួនពីរ ដើម្បីសម្រេចនូវគោលបំណងក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌” នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា ដើម្បីសម្រេចនូវគោលបំណង ក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានោះ គឺក្រសួងយុត្តិធម៌ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដចំនួនពីរ។ ទីមួយ. ការកែទម្រង់ច្បាប់ និងទីពីរ. ការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

លោក ជិន ម៉ាលីន លើកឡើងថា ការកែទម្រង់ច្បាប់ គឺផ្ដោតទៅលើការរៀបចំ ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដែលចាំបាច់ និងសារៈសំខាន់សម្រាប់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ក្នុងនោះ មានការធ្វើវិសោធនកម្មច្បាប់ចាស់, មានការរៀបចំនូវច្បាប់ និងគោល នយោបាយថ្មីមួយចំនួន។
ចំណែកឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌វិញ គឺផ្ដោតទៅលើការកែទម្រង់ប្រព័ន្ធតុលាការ តាមរយៈការរៀបចំនូវធនធានមនុស្ស ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដំណើរការនីតិវិធី គុណភាពនៃការសម្រេចសេចក្ដី និងការអនុវត្តនៃសេចក្ដីសម្រេចរបស់តុលាការជាដើម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការកែទម្រង់ ប្រព័ន្ធយុត្តិធម៌មួយទៀត គឺផ្ដោតទៅលើគេហៅថា ការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ រួមមាន យន្តការនៃការរៀបចំការងារសន្ទានុកម្ម ក៏ដូចជាយន្តការនៃការផ្ដល់ជំនួយផ្នែកច្បាប់ ជាដើម»។
ជាមួយគ្នានោះដែរលោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ការកែទម្រង់នូវចំណុចទាំងពីរខាង លើនេះ គឺមានទិសដៅសម្រេចឱ្យបាននូវគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាព សេវាយុត្តិធម៌ ហើយដើម្បីសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺការធានាបាននូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោលដោយទទួលយុត្តិធម៌ដោយគ្មាន ការរើសអើយ ហើយធ្វើតាមច្បាប់ដែលមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះថា សេវាយុត្តិធម៌ដែលក្រសួងដាក់ចេញមានពីរគឺសេវាដែលផ្តល់ដោយ ប្រព័ន្ធតុលាការ និងសេវាផ្តល់ដោយក្រៅប្រព័ន្ធតុលាការ។ ការផ្តល់ដោយតុលាការគឺការផ្តល់ ដោយតុលាការដោយយុត្តិធម៌ និងជឿទុកចិត្តបាននិងទទួលបានពីគ្រប់ភាគីទាំងអស់ និងសេវាយុត្តិធម៌ក្រៅ ប្រព័ន្ធតុលាការគឺសេវាជំនួយផ្នែកច្បាប់ និងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាក្រសួងយុត្តិធម៌បាន ចងក្រងច្បាប់ និងបទបញ្ញត្តិជាច្រើនដើម្បីធ្វើយ៉ាងណាក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាឱ្យមានល្អប្រសើរ ខណៈក្រុមប្រឆាំងតែងតែធ្វើការរិះគន់លើប្រព័ន្ធតុលាការ នៅកម្ពុជាជារើយៗ៕ដោយ៖ គង់ សេដ្ឋាមុនី