បណ្ឌិត គិន ភា៖ ហេតុអីមិនបន្ទោសអ្នកបោកគេ, បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?

លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា លោកពិតជាមានអារម្មណ៍មិនអាចទទួលយកបានទាល់តែសោះនៅពេលដែលមានអ្នកមួយចំនួនដៀលនិងបន្ទោសប្រជាពលរដ្ឋថា ល្ងង់និងលោភលន់ ទើបចាញ់បោកពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។

លោក បណ្ឌិត គិន ភា បានចេញមុខ ប្រតិកម្មមិនសប្បាយចិត្តខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ បន្ទាប់ពីមានបុគ្គល ឬអ្នកប្រើប្រាស់មួយចំនួន បានតិះដៀល និងបន្ទោសពលរដ្ឋថា ល្ងន់ និង លោភល់ បានធ្វើ ឱ្យចាញ់បោកគេ ។

លោក បណ្ឌិត គិន ភា បានចោទជាសំនួរថា  តើនេះជាការដាក់បន្ទុកលើប្រជាពលរដ្ឋដែលជនរងគ្រោះដើម្បីសម្រាលបន្ទុកជនបោកប្រាស់ឬ? តើនេះមិនមែនជាទុក្ខជាន់លើទុក្ខសម្រាប់ប្រជាពលរដ្ឋដែលជាជនរងគ្រោះទេឬ ដែលត្រូវគេបោកហើយ ត្រូវគេដៀលទៀតនោះ?

ជាមួយគ្នានោះដែរ លោក បណ្ឌិត  ពិតជាទទួលស្គាល់ថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនអាចមិនមានព័ត៌មានគ្រប់គ្រាន់ឬមិនមានចំណេះដឹងខាងហិរញ្ញវត្ថុជ្រៅជ្រះ ដែលជាមូលហេតុធ្វើពួកគាត់លង់ជឿល្បិចបោកប្រាស់របស់ពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន, ហើយជនរងគ្រោះខ្លះ ក៏មានចំណេះដឹងជ្រៅជ្រះដែរ តែអ្វីដែលគាត់លង់ គឺទំនុកចិត្តដែលពួកគាត់មានទៅលើពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។

លោក បណ្ឌិតថ្លែងថា៖​«ដូច្នេះ អ្នកចាញ់បោកគេទាំងអស់ មិនថាជាប្រជាពលរដ្ឋសាមញ្ញឬជាបណ្ឌិតឬបញ្ញវន្តទេ គឺសុទ្ធតែជាជនរងគ្រោះទាំងអស់, មិនអាចដៀលថា គាត់ល្ងង់, គាត់លោភលន់ ដែលមានទម្រង់ជាការដាក់បន្ទុកជនរងគ្រោះ សម្រាលបន្ទុកជនបោកប្រាស់នោះទេ។ ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»។

លោក បន្ថែមថា៖«ខ្ញុំធ្លាប់បានសរសេរម្តងរួចហើយ កុំឃើញតែឆ្មាស៊ីត្រីអាំងនាំគ្នាយកដងរែកដេញវាយ ខ្លាលីគោចូលព្រៃនាំគ្នាឈរមើល។ នៅពេលណាមួយខ្លាលែងមានគោលី វានឹងស៊ីអ្នកឈរមើលគ្រប់គ្នា គ្រាន់តែពេលវេលា វាមិនទាន់មកដល់»។

លោកបណ្ឌិតស​ង្កត់ធ្ងន់ទៀតថា៖«សង្គមយើងមិនអាចបណ្ដែតបណ្ដោយឱ្យជនប្រភេទនេះបន្តសកម្មភាពរបស់ខ្លួនដោយរួចផុតពីសំណាញ់ច្បាប់បានជាដាច់ខាត ពីព្រោះបើដូច្នេះ វានឹងបង្កទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរទៅថ្ងៃក្រោយ គឺវិបត្តិទំនុកចិត្ត, វិបត្តិសីលធម៌, វិបត្តិធនាគារ, វិបត្តិហិរញ្ញវត្ថុ, វិបត្តិផ្លូវចិត្ត, វិបត្តិសន្តិសុខ, វិបត្តិវណ្ណៈ ហើយចុងក្រោយ គឺវិបត្តិនយោបាយ ដែលនាំឱ្យសង្គមចលាចល ពិបាកគ្រប់គ្រង។

បើតាម លោកបណ្ឌិត គិន ភាដូច្នេះ ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់ ទើបស្រុកយើងមានសន្តិភាពនិងស្ថិរភាពយូរអង្វែង, មានវិបុលភាពនិងការអភិវឌ្ឍពិតប្រាកដ, មានយុត្តិធម៌សង្គមពេញលេញ និងសុខុដមរម្យនារឹងមាំ។ បើមិនដូច្នោះទេ ផ្លូវទៅកាន់ឆ្នាំ២០៣០ ពិតជាលំបាក ហើយផ្លូវទៅកាន់ឆ្នាំ២០៥០ កាន់តែវែងឆ្ងាយ៕