សាលាដំបូងខេត្តព្រះសីហនុ ប្រកាសពីភាពជោគជ័យក្នុងការចាត់ការសំណុំរឿងអត្រានុកូលដ្ឋានបាន១០០ភាគរយ នៃសំណុំរឿងមុនយុទ្ធនាការ ស្របតាមយុទ្ធនាការនៃការដាក់ចេញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការជម្រុញឱ្យបណ្តាសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក្នុងការពន្ថឿនដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានឱ្យបានលឿនរហ័សជូនប្រជាពលរដ្ឋ។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៥៣ថ្ងៃ នៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ សាលាដំបូងខេត្តព្រះសីហនុ មានសំណុំរឿង អត្រានុកូលដ្ឋានសរុបចំនួន ៩៤រឿង និងបានចំណាត់ការចំនួន ៩៤រឿង។
ក្នុងនោះសម្រាប់ សំណុំរឿងមុនយុទ្ធនាការ (មុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤) មានចំនួន ៥៤រឿង ត្រូវបានចាត់ការរួច ចំនួន ៥៤រឿង។ ចំពោះសំណុំរឿងអត្រានុកូលដ្ឋាន ដែលនៅសល់កំពុងចាត់ការចំនួន ០៥រឿង សាលាដំបូងខេត្តព្រះសីហនុ នឹងខិតខំបន្តចំណាត់ការដោយយកចិត្ត ទុកដាក់ ពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងភស្តុតាងនានា ដើម្បីចេញសេចក្តីសម្រេចជូនប្រជាពលរដ្ឋ ឲ្យបាន ឆាប់រហ័សបំផុត។
ប្រភពដដែលបន្ថែមថា៖«ក្នុងអំឡុងពេលយុទ្ធនាការ មានសំណុំរឿងអត្រានុកូលដ្ឋានចូលថ្មីចំនួន ៤០រឿង ហើយត្រូវបានចាត់ការរួចចំនួន ៣៥រឿង។ សរុបជារួម ក្នុងរយៈពេល ៥៣ថ្ងៃ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការសំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៨៩រឿង»។
ក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ លោក ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ បានលើកឡើងថា សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជាង៦,០០០ករណី នៅសាលាជម្រះក្ដីទូទាំងប្រទេស ដែល២៣ភាគរយ នៃសំណុំរឿង រដ្ឋប្បវេណីសរុប ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះតែម្ដង។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ។ លោកថា អត្រានុកូលដ្ឋាន គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ ខណៈដែលនៅពេលមាន បញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ។
លោក បានបញ្ជាក់ថា «ខ្ញុំសូមយករឿងនេះ ធ្វើការងារជាមួយតុលាការ យកការទទួលខុសត្រូវមួយ និងស្នើសុំឱ្យចៅក្រមនៅទូទាំងប្រទេស សាលាជម្រះក្ដីទូទាំងប្រទេស រៀបចំឱ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះ ហើយស្នើសុំក្នុងការអនុវត្តនេះ គឺមានតែ ២គត់ លឿន ហើយនិងត្រឹមត្រូវ»៕