មួយសប្ដាហ៍ !នគរបាលឃាត់ខ្លួនជនសង្ស័យ២៩៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ មានជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។

បើតាមលោក ទូច សុឃៈ (សុខៈ) ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីគ្រឿងញៀនសរុបចំនួន១២០ករណីផ្សេងៗគ្នា។ លោកបន្ថែមទៀតថា បទល្មើសទាំងនោះ គឺភាគច្រើនកើតមានឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ត្បូងឃ្មុំ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដៅយកបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព ដោយក្នុងនោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏បាននឹងកំពុងអនុវត្តយ៉ាងសកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកយុទ្ធនការប្រឆាំងគ្រឿងញៀនខុសច្បាប់នៅក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំង ដោយប្រកាសបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ប្រសិនបើរកឃើញមានសាធាតុញៀន។

សម្រាប់ក្រសួងមហាផ្ទៃ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងចំណោមកញ្ចប់ការងារអាទិភាពរបស់លោក  ស សុខា ចាប់ពីដើមនីតិកាលទី៧មក។ ស្របតាមទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងមហាផ្ទៃ ក៏បាននិងកំពុងអនុវត្តការធ្វើតេស្តលើមន្រ្តី និងក៏បានចេញសម្រេចបណ្ដេញមន្រ្តីមួយចំនួនតូចជាបន្ទាប់ពីក្របខ័ណ្ឌផងដែរ៕