លោក ហ៊ុន ម៉ានី ហួសចិត្ត ចំពោះ លោក មាស រិទ្ធី ផ្សព្វផ្សាយ ប្រើពាក្យថា “ខ្ជិល”

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងនៅការភ្ជាក់ផ្អើលចំពោះអ្វីដែល លោក  មាស រិទ្ធី អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍ហង្សមាសដែល បានស្រង់ហើយផ្សព្វផ្សាយថា លោកបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកលោក ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។

តាមរយៈ បណ្តាញសង្គម លោក  ហ៊ុន ម៉ានីថ្លែង៖«ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។

ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។ ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ។

ដោយឡែកនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ លិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជម្រាបជូន លោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ករណីផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតនិងវប្បធម៌ប្រពៃណីជាតិ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោល ការផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលអត្ថាធិប្បាយដោយ មាស រិទ្ធី ជុំវិញករណីការមិនប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាំឱ្យប្រជាជនកម្ពុជាមានការយល់ច្រឡំ និងកំពុងផ្ទះការវែកញែកពេញបណ្ដាញសង្គមផងដែរ។

ក្រសួងការបានបញ្ជាក់ដែរថា ការចុះបញ្ជីសង្ក្រាន្ត ជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ៊ុន ម៉ានី បញ្ជាក់ថា នៅឆ្នាំ២០១៣ ពេលដែលក្រុមការងាររៀបចំ «អង្គរសង្រ្កាន្ត» លើកទី ១ ស.ស.យ.ក បានធ្វើលិខិតផ្លូវការទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានបញ្ជាក់ថា ពាក្យ “សង្រ្កាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧ និងជាទំនៀមប្រពៃណីខ្មែរតាំងពីដើមរៀងមក។

លោក បន្ថែមថា ៖«ពិធីសង្ក្រាន្តនេះក៏ត្រូវបានរៀបចំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍យើងដែរដូចជា ឡាវ ថៃ ភូមា ជាដើម។  អស់រយៈពេល ១០ ឆ្នាំ (២០១៣-២០២៣) ខ្ញុំជាសមាជិកក្នុងក្រុមការងារម្នាក់ ក្នុងចំណោមសមាជិក និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក រាប់ម៉ឺននាក់ ដែលបានលះបង់ពេលវេលា ខិតខំរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ដើម្បីជាការលើកស្ទួយកេរដំណែលជាតិ ហើយអង្គរសង្រ្កាន្ត ក៏បានបណ្តុះស្មារតីនេះដល់ស.ស.យ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័ន សាលារៀន នៅទូទាំងប្រទេស ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគ្រប់ទីកន្លែងនៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះ លោក ហ៊ុន ម៉ានីស្នើឱ្យ យុវជនយើងបន្តស្វែងយល់ពីវប្បធម៌ខ្លួន និងបន្តថែរក្សាកេរដំណែលដូនតាយើង!។

លោក មាស រិទ្ធី ចេញលិខិតសុំអភ័យទោស ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅខាងក្រោម៖