ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ បាន ចាត់វិធានការរុះរើសំណង់សាងសង់រំលោភប្រឡាយសាធារណៈខុសច្បាប់ ស្ថិតនៅភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោយពេលទទួលបានកែណែនាំ និងលិខិតបង្គាប់ការរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
យោងចំណារលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងយោងលិខិតបង្គាប់ការ លេខ:០៥១/២៤ លបក.តឃ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ជូនលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត ដើម្បីដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះអនុវត្តច្បាប់រុះរើសំណង់សាងសង់រំលោភដីប្រឡាយសាធារណៈ ដែលប្រជាពលរដ្ឋ ចំនួន៣ភូមិ បានប្តឹងមករដ្ឋបាលខេត្ត ដើម្បីឱ្យជួយរកដំណោះស្រាយជូនពួកគាត់។
កន្លងមក អាជ្ញាធរថ្នាក់ខេត្ត បានចុះសម្របសម្រួល និងណែនាំជាច្រើនលើកច្រើនសារ និងចុងក្រោយ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត ក៏បានចុះសម្របសម្រួលដោះស្រាយ និងបានដាក់ឱសានវាទឱ្យរុះរើសំណង់ខុសច្បាប់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ តែសាច់ញាតិ និងបងប្អូនម្ចាស់សំណង់ខាងលើ បានទទូចស្នើសុំរុះរើនៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៤វិញ ដោយមានការយោគយល់ខ្ពស់ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត រួមនឹងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ក៏បានយល់ស្របតាមសំណូមពរខាងលើ។
រហូតមកដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់សំណង់រឹងមាំខុសច្បាប់ខាងលើ មិនបានរុះរើតាមការសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដោយតែងតែហៅអ្នកសារព័ត៌មានមកធ្វើការឡាយ (LIVE) តាម Facebook ថាអាជ្ញាធរថ្នាក់ខេត្ត និងស្រុក បានបង្ខំឱ្យគ្រួសារគាត់រុះរើដោយគ្មានមូលដ្ឋានច្បាស់លាស់។
រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញលិខិតជម្រាបជូនដំណឹងដល់ម្ចាស់សំណង់ខាងលើ ត្រូវធ្វើការរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញពីដីប្រឡាយសាធារណៈ ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងជាកំហិត ក្នុងករណីមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិការទៅតាមផ្លូវច្បាប់ ព្រមទាំងមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិនានារបស់ម្ចាស់សំណង់ឡើយ។
ជាក់ស្តែងរហូតមកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក កងកម្លាំងទាំង៣ប្រភេទ ប្រធានការិយាល័យភូមិបាលស្រុក មេឃុំ មេភូមិ អនុភូមិ បានសហការគ្នាចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅក្នុងភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
អាជ្ញាធរថ្នាក់ខេត្ត និងស្រុក រួមនឹងមន្ត្រីភូមិបាលស្រុក បានចុះវាស់វែងទីតាំងដីជាក់ស្តែង ដោយផ្អែកតាមប្លង់កម្មសិទ្ធិ (ប្លង់រឹង) យោងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ លេខ: 6032-/143 លេខក្បាលដី: 650 ទំហំ: 621ម៉ែត្រការ៉េ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ។
ម្ចាស់សំណង់រឹងមាំខុសច្បាប់ខាងលើ និងក្រុមគ្រួសារ រួមនឹងតំណាងប្រជាពលរដ្ឋចំនួន៣ភូមិ គឺ ភូមិស្វាយតាធម្ម ភូមិទំពាំងឫស្សី និងភូមិទួលទន្សោង ដែលមានប្រជាពលរដ្ឋចូលរួមជាង ១០០នាក់ ដើម្បីមើលការចុះអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។ ភាគីទាំងអស់ បានព្រមព្រៀងគ្នាកាត់រុះរើរបងរឹងមាំដែលបានសាងសង់រំលោភដីប្រឡាយសាធារណៈនោះចេញ និងសន្យាឈប់មានការប្តឹងតវ៉ាគ្នាជាបន្តទៀត។
ក្រុមការងារបានអនុវត្តការវាស់វែង បាញ់ថ្នាំក្រហមកំណត់ទីតាំងត្រូវកាត់ចេញ និងបានបញ្ជាកម្លាំងកាត់រុះរើជាក់ស្តែង (នៅសេសសល់ខ្លះ ម្ចាស់សំណង់ស្នើសុំកាត់ចេញដោយខ្លួនឯង) តាមការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមានការឯកភាពពីម្ចាស់សំណង់ខាងលើ និងតំណាងប្រជាពលរដ្ឋទាំង៣ភូមិ រួមនឹងអាជ្ញាធរពាក់ព័ន្ធ៕