បាត់ដំបង៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាព និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C នៅថ្ងៃទី ១៨ ខែមីនា នេះ បើកកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង។
កិច្ចប្រជុំបានពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C និងរៀបចំចុះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការក្នុងការពង្រីកបន្ថែម ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ។
សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកាលពីកន្លងទៅបានណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបង ប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ។ ការសិក្សានេះ ផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ។
អាជ្ញាធរខេត្តបាត់ដំបងបានគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត និងនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលិចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ ។
ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដូចជា ដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ៕