ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ សង្កាត់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួនប្រមាណ ៥០០ឃុំ សង្កាត់ ទៀត ដើម្បីឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធនៅថ្នាក់ឃុំ សង្កាត់។ នេះបើតាមលោកតុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិសការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
លោក តុប នេត បានរម្លឹកជូនកិច្ចប្រជុំថា ក្នុងដំណើការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដោយមានការចង្អុលដឹកនាំ និងជំរុញជាបន្តបន្ទាប់ពីសំណាក់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ព្រមទាំងសាលារាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅមូលដ្ឋានសុខាភិបាលចំនួន១៣ ក្នុងសង្កាត់គោលដៅចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការសាកល្បងនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ទារកដែលទើបកើត។ លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ យន្តការនេះ មូលដ្ឋានសុខាភិបាលអាចជូនដំណឹងអំពីព្រឹត្តិការណ៍នៃកំណើតរស់ មរណភាព និងមូលហេតុ នៃមរណភាព ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបំពាក់នៅសង្កាត់គោលដៅ។
ដោយឡែក ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លោក តុប នេត បានឱ្យដឹងទៀតថា នៅខែឧសភា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតយន្ដការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅ ២៤ឃុំ សង្កាត់ ក្នុងជំហានបឋម រួមមាន ឃុំ សង្កាត់៥ ក្នុងខេត្តកែប សង្កាត់៥ ក្នុងក្រុងកំពត ខេត្តកំពត និងសង្កាត់១៤ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងសេវាការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
លោកបញ្ជាក់ទៀតថា យន្តការនេះបានដំណើរការដោយជោគជ័យ និងទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ ចំណុចស្នូល ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ គឺពួកគាត់ទទួលបានដំណោះស្រាយសេវាទាំងអស់នៅកន្លែងតែមួយ (ច្រកចេញចូលតែមួយ) ងាយស្រួល និងឆាប់រហ័ស ជាពិសេសការបោះពុម្ពផ្តល់សំបុត្រអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ អាចធ្វើឡើងដោយផ្ទាល់ចេញពីប្រព័ន្ធ ជូនទៅប្រជាពលរដ្ឋតែម្តងក្រោយបំពេញបែបបទគ្រប់គ្រាន់។
ឆ្នាំ២០២៣ គឺជាឆ្នាំទី៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។ កិច្ចប្រជុំ បានពិនិត្យលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដូចជាការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការចុះបញ្ជីប្រជាជនតាមបច្ចេកវិទ្យាឌីជីថល និងការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ការងារពង្រឹងយន្ដការសេវាអត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋ ការវាយតម្លៃរួមលើការអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈម ទិសដៅ និងសំណូមពរ។
ជុំវិញបញ្ហានេះលោក ប៉ាវ ហមផាន បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ គណៈកម្មការដឹកនាំតម្រង់ទិសការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងនោះលោកបានណែនាំឱ្យជំរុញបង្កើត គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ ដែលមានអភិបាលរាជធានី ខេត្តជាប្រធាន ដើម្បីដឹកនាំតម្រង់ទិសយន្តការនេះ រួមទាំងការតាមដាន និងតម្រង់ទិស ឃុំ សង្កាត់ គោលដៅនៃការអនុវត្តច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន៕