ភ្នំពេញ៖ គិមទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥% លឿនជាងផែនការ១៧%។ នេះ បើតាមកិច្ចប្រជុំ នៅទី១៥ ខែមិនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពិនិត្យដានលើកិច្ចសន្យាការងារបច្ចេកទេសសាងសង់ដែលបានឯកភាពគ្នា ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ ដើម្បីធានាឱ្យបាននូវការសាងសង់ អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
នាឱកាសនោះលោក នាយកគម្រោង បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។
លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។
គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕