ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការតែងតាំង លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត នៃខេត្តស្វាយរៀង ដែលធ្លាប់បាញ់ប្រហារកម្មការិនី ចំនួន៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ កាលពីអំឡុងឆ្នាំ២០១២ ឲ្យកាន់មុខតំណែងជា អគ្គនាយករង នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ មិនខុសច្បាប់នោះទេ ។
ការបញ្ជាក់របស់លោក ទូច សុខៈ ធ្វើឡើងបន្ទាប់ពីមានសារធារណៈមតិបានរិះគន់ថា ការតែងតាំងលោក លោក ឈូក បណ្ឌិតជា អគ្គនាយករង នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៦៥អនក្រ.តត ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដូចខ្វះមនុស្សដែលមានសមត្ថកភាព ឬធ្វើឱុ្យអន់ថយស្ថាប័នជាតិជាដើម ។
យ៉ាងនេះ ក្តី លោក ទូច សុខៈ សង្កត់ធ្ងន់ថាលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត នៃខេត្តស្វាយរៀង បានសារភាពកំហុស របស់ខ្លួន ដែលធ្លាប់បានធ្វើ កាលនោះ ថា ធ្វើទាំងប្រថុចញុកពេក ។ ជាមួយគ្នានេះ លោក ឈូកបណ្ឌិត ក៏ទទួលទោសទណ្ឌរួចហើយដែរ ជាមួយនឹងការសន្យាថា នឹងកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អ និងមន្ត្រីល្អ បំរើការងាររបស់ខ្លួន តាមបទបញ្ជា និងតាមច្បាប់កំណត់រហូតមកទល់បច្ចុប្បន្ន។
ត្រង់ចំណុចនេះ លោក ទូច សុខៈ បញ្ជាក់ថា យោងតាមច្បាប់ មិនបានកំណត់ថា បុគ្គលដែលរងការចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសនាំឱ្យបាត់ក្របខណ្ឌជាមន្ត្រី រាជការនោះទេ គ្រាន់តែផ្អាកពីតួនាទី ឬ ផ្ទេរពីទីតាំងមួយទៅកាន់ទីតាំងមួយទៀត ប៉ុណ្ណោះ ។ ឬក៏អាចដកពីតួនាទីក៏ថាបាន។
ជាមួយគ្នានេះ តាមលោក ទូច សុខៈ លោក ឈូក បណ្ឌិត កាលនោះ សម្តេច ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកចេញតួនាទីពី ចៅហ្វាយក្រុងបាវិតឱ្យមកបំរើការងារនៅរដ្ឋបាលខេត្តស្វាយរៀងវិញ ។ ឆ្នាំ ២០២២ មានព្រះមហាក្សត្របានចេញព្រះរាក្រឹត្យមាន តម្លើសក្តិ៍ពីវរមន្ត្រី លេខ ៣ ជាឧត្តមមន្ត្រីថ្នាក់លេខ ៤ ដោយមើលពីការកែខ្លួន និង គោរពវិន័យ ច្បាប់ ។
លោក ទូច សុខៈ សង្កត់ទៀតថា ដោយមើលឃើញពីការកែខ្លួន គោរពបាននូវច្បាប់ និងសន្យាថា នឹងធ្វើជាមន្ត្រីល្អថែមទៀត ថ្នាក់ដឹកនាំក៏បានអនុគ្រោះដល់លោក ឈូក បណ្ឌិត មានឱកាសកសាងគុណសម្បត្តិជូនពលរដ្ឋ អង្គភាព និងរាជរដ្ឋាភិបាល ។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបាញ់កម្មកររោងចក្រចំនួន៣នាក់ កាលពីឆ្នាំ២០១២នោះ ត្រូវបានដោះលែងចេញពីពន្ធនាគារវិញហើយ កាលពីដើមឆ្នាំ ២០១៧ ក្រោយពីអនុវត្តទោសតាមអំណាចសាលក្រមតុលាការ អស់រយៈពេល១៨ខែ។
លោក ឈូក បណ្ឌិត ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំកន្លះ និងបង់ប្រាក់សងជំងឺចិត្តចំនួន ៣៨លានរៀល ដល់ជនរងគ្រោះទាំង៣នាក់នោះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ។ ប៉ុន្តែក្រោយពីរត់គេចខ្លួនអស់រយៈពេលជាង ៣ឆ្នាំ លោក ឈូក បណ្ឌិត សម្រេចដើរចូលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសារភាពដោយស្មគ្រចិត្ត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ។ ការចូលខ្លួនមកសារភាពរបស់លោក ឈូក បណ្ឌិត នៅគ្រានោះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រកាសឲ្យតាមចាប់ខ្លួន ។
សូមរំឭកថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានបាញ់កម្មការិនីរោងចក្រកៅរ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ចំនួន៣នាក់ឲ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២០ កុម្ភៈឆ្នាំ២០១២ នៅគ្រាដែលកម្មករទាំងនោះ បានចូលរួមធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ពីថៅកែរោងចក្រ។ កម្មការិនីទាំង៣នាក់នោះគឺ កញ្ញា នុត សាខន កញ្ញា កែវ នា និងកញ្ញា ប៊ុន ចិន្តា៕