សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណៈ ទាំងទ្វេភាគី ពហុភាគី និងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣០ មីនា ម្សិលមិញនេះ សម្តេច ស ខេង បានលើកឡើងពីភាពខ្វះចន្លោះនៃការបំពេញភារកិច្ច និងកិច្ចសហការប្រតិបត្តិការរបស់មន្រ្តីពាក់ព័ន្ធ ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានលទ្ធភាពនាំចូលសាធាតុគីមីផ្សុំទាំងស្របច្បាប់ និងមិនស្របច្បាប់ដើម្បីផលិត គ្រឿងញៀន។
សម្តេច បន្តថា ការផលិតគ្រឿងញៀននេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅប្រទេសទី៣ និងគោលដៅផ្សេងៗ។ ត្រង់ចំណុចនេះ សម្តេច ថា កិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញនូវវិធានការ និងគោលការណ៍ដើម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណាដែលបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះមកផលិតគ្រឿងញៀន។
ជាមួយគ្នានេះ សម្តេច បានណែនាំឱ្យក្រសួងស្ថាប័ន វិស័យឯកជន មជ្ឈដ្ឋានសាសនា បន្តលើកកម្ពស់សកម្មភាពអប់រំ ផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យគ្រប់ទីកន្លែង ពិសេសការរួមចំណែកផ្សព្វផ្សាយលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម គ្រប់ក្រសួងស្ថាប័ន ពិសេសកងកម្លាំងប្រដាប់វុធគ្រប់ប្រភេទបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យជំនាញរបស់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ លោកឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ទោះបីពិភពលោកមានការរាតត្បាតដោយជំងឺកូវីដ-19ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់។
លោក ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជាក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយសារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ៕