សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងកការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើបនិងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ស ខេង ដែលបានបង្ហោះនៅថ្ងៃទី២៩ មីនានេះ។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម ហៅកាត់ គ.ជ.ដ.អ លើកទី៦ នៅថ្ងៃទី២៩ មីនានេះ សម្តេច ស ខេង បានគូសបញ្ជាក់ថា
ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការអទិភាពខ្ពស់ដដែល សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃនីតិកាលរដ្ឋសភា។
សម្តេច បន្តថា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋនេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានលើកឡើងថា ការងារអត្តសញ្ញាណកម្មបានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ដោយឡែកការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម។
លោក បានបន្តថា ឆ្នាំ២០២១ជាឆ្នាំទី៥នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦) និងជាឆ្នាំដែលកម្ពុជាបានទទួលរងនូវផលប៉ះពាល់នៃវិបត្តជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តែទោះបីជាយ៉ាងនេះក្តីលោកថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងបានសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន៕