បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង និងស្រុកសង្កែ ឱ្យចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបញ្ឈប់ការចិញ្ចឹមត្រីនៅដងស្ទឹងសង្កែក្នុងភូមិសាស្រ្ដរបស់ខ្លួន និងឱ្យរុះរើត្រើងចិញ្ចឹមត្រី នៅឃុំវត្តតាមិម ឱ្យរុះរើចេញ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្អាតប្រភពទឹកនៅផ្នែកខាងលើស្ថានីយបូមទឹកឆៅផលិតទឹកស្អាត ។
ករណីខាងលើនេះ ត្រូវបានដឹកនាំដោយ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ ដឹកនាំក្រុមការងារ សហការជាមួយលោកជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែបានបញ្ជាក់ថា សម្រាប់ស៊ងចិញ្ចឹមត្រីក្នុងភូមិសាស្រ្ដស្រុកសង្កែមានចំនួន៤៤ស៊ង ហើយម្ចាស់ស៊ងចិញ្ចឹមត្រីទាំងនោះបានសហការបញ្ឍប់ការចិញ្ចឹម និងរុះរើស៊ងចេញជាបន្តបន្ទាប់ ក្នុងនោះដែរ ប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រីបានបង្ហាញការតាំងចិត្តជាមួយអាជ្ញាធរស្រុក ក្នុងការអនុវត្តតាមការណែនាំ ដោយពួកគាត់នឹងរុះរើស៊ងចិញ្ចឹមត្រីទាំងអស់ចេញពីស្ទឹងសង្កែ ។
ជាលទ្ធផល ត្រើងត្រីទាំងអស់នៅចំណុចខាងលើនេះត្រូវបានធ្វើការរុះរើរួចរាល់ជាស្ថាពរ ។ ដោយឡែកសម្រាប់ត្រីចំនួន៥គ្រួសារ ដែលត្រូវបានរុះរើត្រើងត្រីរួច តែមិនទាន់បានលក់អស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ ក្នុងស្ទឹងសង្កែ ដែលនៅសល់ប្រមាណ៤.៥តោន ហើយត្រីដែលនៅសេសសល់នោះដែរ ក្រុមការងារនឹងបន្តតាមដានរហូតដល់លក់អស់ ។
ជាដំណោះស្រាយចំពោះមុខ បន្ទាប់ពីប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រីបានយល់ព្រមរុះរើបញ្ឈប់ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ អាជ្ញាធរស្រុកសង្កែបាននិងកំពុងខិតខំជួយរកទីតាំងចិញ្ចឹមនៅលើគោកព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនៃការចិញ្ចឹមថែមទៀតផង ៕