ប្រធានសភាចាត់ទុកដំណើរទស្សនកិច្ចរបស់សមាជិកសភាសហព័ន្ធអាល្លឺម៉ង់មកកម្ពុជានឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា​ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់ សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ដែលដឹកនាំដោយ លោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការីមកកាន់កម្ពុជានាពេលនេះ ថា នឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយនោះឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើង។

សម្តេច ឃួន សុដារី បានចាត់ទុកបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ លោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងឱកាសដែលគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា។

សម្តេច ឃួន សុដារី ថ្លែងថា៖« វត្តមានគណៈប្រតិភូសភាអាល្លឺម៉ង់នាពេលនេះ ក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រសូត្រឡើងបានប្រមាណជិត៦ខែ ក្រោយពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងទៅ ដោយមានចំនួនអ្នកបោះឆ្នោតសរុប ៨៤.៥៨% បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ ដោយសេរី និងយុត្តិធម៌ក្នុងចំណោមគណបក្សនយោបាយចំនូន១៨ បានចូលរួមប្រកួតប្រជែងហើយជាលទ្ធផល មានគណបក្សចំនួនពីរបានជាប់ឆ្នោត ទទួលបានអាសនៈនៅក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច»។

សម្តេច បញ្ជាក់បន្ថែមថា ៖«នៅក្នុងអាណត្តិទី៧នេះ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគ្នាដោយឆន្ទៈមុះមុត យកពលរដ្ឋជាស្នូល ធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ជាមួយគ្នានោះ សម្តេច ឃួន សុដារីបានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក និងបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ កម្ពុជាបានខិតខំដោយខ្លួនឯង ហើយក៏មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តភក្តិនិងដៃគូអភិវឌ្ឍន៍ខាងក្រៅនោះដែរ នៅក្នុងនោះមានប្រទេសអាល្លឺម៉ងមួយផងដែរ។ សម្តេច បានចាត់ទុកប្រទេសអាល្លឺម៉ង់ជាដៃគូពិសេសមួយដែលនឹងបន្តចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

បើតាម សម្តេច ឃួន សុដារី ចាប់តាំងពីឆ្នាំ១៩៩២ អាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណងប្រមាណ ៨៤៣.៦ លានដុល្លារ ដល់កម្ពុជា និងចំនួន៣៥ លានដុល្លារ ជាឥណទានសម្បទាន ហើយគិតជាមធ្យមជំនួយរបស់មិត្តអាល្លឺម៉ង់មកកម្ពុជា មានចំនួនប្រមាណ ៣៨ លានដុល្លារក្នុងមួយឆ្នាំ។

នាឱកាសនោះ លោក ចូហាន់ ស្ទីងនីហ្គ័រ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ជាមួយគ្នានេះ លោក ចូហាន់ ស្ទីងនីហ្គ័រក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរ ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់នៅក្នុងរយៈពេលចុងក្រោយនេះដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនទានពីគ្នាទៅវិញទៅមកលើការងារសភា។

លោក ចូហាន់ ស្ទីងនីហ្គ័រ ក៏បានលើកឡើងពីវឌ្ឍនភាពជាវិជ្ជមាននៃលទ្ធផលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូ ជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នៅក្នុងការពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម ផងដែរ៕