ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តក្នុងចំនួន ៣ រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាមដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។
ការឯកភាពនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅអំពីដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បញ្ជាក់ថា មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ ខេត្តខាងលើ ដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។
ជាមួយគ្នានោះ គ.ជ.ប បានឯកភាពលើខ្លឹមសារ និងរូបភាពវីដេអូអប់រំចំនួន ២ (ពីរ) រឿង៖ រឿងអប់រំខ្លី មានចំណងជើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ និង រឿងអប់រំ និងបណ្តុះបណ្តាលអំពីនីតិវិធីស្តីពី ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ថែមពីនេះ គ.ជ.ប ក៏បាន ឯកភាពជាគោលការណ៍លើខ្លឹមសារសង្ខេបសៀវភៅអំពី ដំណើរការបោះឆ្នោតនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។
មុននឹងបញ្ចប់កិច្ចប្រជុំលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវពន្យល់ណែនាំដល់មន្ត្រីការិយាល័យបោះឆ្នោតឱ្យបានច្បាស់លាស់អំពីការប្រគល់ ការទទួល និងការរក្សាទុកសម្ភារ ឯកសារបោះឆ្នោតសំខាន់ៗ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានចំនួន ៣៣ ការិយាល័យ ដែលទីតាំងការិយាល័យបោះឆ្នោតទាំងនោះមាននៅទីប្រជុំជន រាជធានី ខេត្ត ទាំង២៥។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោតមានចំនួនសរុប ១១.៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕