៨ថ្ងៃចុងក្រោយ! គ្រឿងញៀន ១៥០ករណីនៅទូទាំងប្រទេសត្រូវបាន បង្រ្កាប និង រឹបអូសជាង២០គីឡូក្រាម

ភ្នំពេញ ៖ លោក  ទូច  សុឃៈ  (សុខៈ)  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ  បានឱ្យដឹងថា  គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់សមត្ថកិច្ចជំនាញបានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន  ១៥០ករណី  និងឃាត់ខ្លួនជនសង្ស័យ  ទាំងប្រើប្រាស់និងចែកចាយចំនួន ៣៥៥នាក់   នៅទូទាំងប្រទេស  ដេីម្បីចាត់ការតាមនីតិវិធី។

លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា  ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន  ២ករណី រួមមាន៖ ខេត្តសៀមរាប  បង្ក្រាប ថ្ងៃទី១  ខែកុម្ភៈ  ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស  ៤នាក់  ចាប់យកគ្រឿងញៀន  ១០គ.ក្រ +៦៩០ក្រ។  និង រាជធានីភ្នំពេញ  បង្ក្រាប ថ្ងៃទី២  ខែកុម្ភៈ  ឆ្នាំ២០២៤  ឃាត់ខ្លួនមនុស្ស  ៤នាក់  (ជនជាតិវៀតណាម ១នាក់)  ចាប់យកគ្រឿងញៀន  ១០គ.ក្រ +២៦០ក្រ  និងម៉ូតូ  ៣គ្រឿង។

អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា អនុសាសន៍បញ្ជាដឹកនាំរបស់លោក  ស សុខា គឺបង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់ក្ដៅ។ ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវដែលក្រុមជនល្មើសឆ្លងកាត់។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហឹតគ្រឿងញៀនផងដែរ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រំលឹកថា  បញ្ហាគ្រឿងញៀន  ជាចំណុចរសេីបមួយ  ដែលសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល លោកដាក់ទិសដៅ និងក្រសួងមហាផ្ទៃ  ដែលមាន  ឯកឧត្តម អភិសន្តិបណ្ឌិត  ស  សុខា  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕