គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ​​ត្រូវ គោរពច្បាប់នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនា​បោះឆ្នោ​ត​​មាន​ទិសដៅ​​ឱ្យ​​​​​​​​​​​​​បេក្ខជន និង ​​​​​​​គណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ​រប​ស់ខ្លួន​ជូ​ន​អ្នកបោះឆ្នោត។​​​​​​​​

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល​មាន​រយៈ​ពេ​ល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ​​​ទាំ​ង​អ​ស់​​​ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍​ដែល​មាន​ចែ​ង​ក្នុង ច.ប.ព.ស ច.ប.ត.រ ច្បាប់ស្តីពី​វិសោធន​កម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) បទបញ្ជា និងនីតិវិធី​សម្រាប់ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​ស​ភា (ប.ន.ព.ស) ក្រមសីលធម៌ និងគោលការ​ណ៍​នា​នា​​ដែលបាន​កំណត់​ដោយ គ.ជ.ប ដើម្បី​ធា​នាថា ​ការ​ឃោ​ស​នា​បោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្ត​ទៅ​​​ដោយ​សន្តិវិធី អហិង្សា មានសន្តិសុខ និ​​​​​​​ង​សុវត្ថិភាព។

ជាមួយគ្នានោះ គ.ជ.ប បាន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវ​ប្រកាន់​​ជំហរ​​អព្យាក្រឹត ឥតលម្អៀង​ក្នុង​សក​ម្ម​ភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​ឱ្យ​​គណបក្សនយោ​បា​យ​នីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួន​ឃោសនាបោះឆ្នោត​របស់ខ្លួន​​ប្រព្រឹ​ត្ត​ទៅដោយស្មើភាពគ្នា។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញា​ធ​រ​គ្រប់​លំ​ដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ​ទាំង​អ​ស់​នឹងចូលរួមសហការតាមការអំពាវនាវក្នុ​ងស្មារតី​ទទួល​ខុ​ស​ត្រូវ​ខ្ពស់​ ដោយ​គោរព​​ច្បាប់​ជាធរមាន ដើម្បីធ្វើយ៉ាង​ណា​​​​ឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្ត​ទៅ​ដោយរលូន ធា​នា​បា​ន​​នូវសិទ្ធិរបស់​គណបក្ស​នយោបាយ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់ប្រជាពលរដ្ឋ៕