ស្លាប់២៩នាក់ របួស៧៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍៥៨ករណីក្នុងរយៈពេល៨ថ្ងៃចុងក្រោយនេះ

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៨ករណីនៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ និងរបួសចំនួន៧៣នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា រាជធានីភ្នំពេញមានអ្នកស្លាប់ច្រើនជាងគេ គឺ៥នាក់។ ខេត្តក្រចេះ កំពង់ចាម និង ស្វាយរៀង ស្លាប់ចំនួន៣នាក់។ ខេត្តកំពង់ធំ ព្រៃវែង និង បន្ទាយមានជ័យ ស្លាប់ចំនួន២នាក់។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ តាកែវ ព្រះសីហនុ កណ្ដាល ស្ទឹងត្រែង និងកំពង់ឆ្នាំង ស្លាប់ចំនួន១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា បើគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ក្នុងសប្ដាហ៍ចុងក្រោយនេះ បានបណ្ដាល់ឱ្យមានអ្នកស្លាប់ចំនួន៤នាក់។ ទោះបីជាយ៉ាងណា លោក ទូច សុឃៈ (សុខៈ)អះអាងថា តាំងពីការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលមក សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ និងករណីបណ្ដាលឱ្យស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ។

លោកលើកឡើងថា បញ្ហាចរាចរណ៍ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូច្នេះ សមត្ថកិច្ចជំនាញ នឹងបន្តអនុវត្តការបញ្ជាដឹកនាំរបស់ លោក លើការពង្រឹងការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌ក្នុងការបើកបរជាដើម៕
ដោយ ៖ សាន់ ផានិត