បន្ទាយមានជ័យ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ឈ្មោះ អឿ មុន្នី មិនអាចបន្តធ្វើជាគ្រូជាប់កិច្ចសន្យា នៅ«សាលាបឋមសិក្សា សុខសាន្ត» ដែលមានទីតាំងស្ថិតនៅ សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានតទៅទៀតនោះទេ ព្រោះគាត់លើសអាយុ ដែលបានកំណត់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ។
ការលើកឡើងរបស់ មន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ បែបនេះ បន្ទាប់ពី កាលពីពេលថ្មីៗ កន្លងមកនេះមានគេហទំព័រទំនាក់ទំនងសង្គម គណនីហ្វេសបុក ឈ្មោះ អឿ មុន្នី បានចុះផ្សាយ អំពីការមិនពេញចិត្តករណីមិនបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមធ្វើការបំភ្លឺថា ៖ជាគោលការណ៍ ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជ និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៤០ ឆ្នាំ ។ ករណីជាក់ស្តែងចំពោះអ្នកគ្រូ អឿ មុន្នី ដែលមានអាយុលើសច្រើន រហូតទៅដល់ ៥៧ ឆ្នាំ ជាហេតុធ្វើឱ្យការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ពុំបានទទួលពាក្យសុំធ្វើជាគ្រូ បង្រៀនជាប់កិច្ចសន្យារបស់គាត់ឡើយ ។
សម្រាប់ឆ្នាំ២០២២ កន្លងមក អ្នកគ្រូ អឿ មុន្នី បានទទូចស្នើសុំ ប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ដោយបានធ្វើជាគ្រូកិច្ចសន្យា ស្នើសុំជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ (កិច្ចសន្យាជូនភ្ជាប់)៕