ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលមានគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ហើយនឹងជួយឱ្យជីវភាពប្រជាសហគមន៍មានការរីកចម្រើន តាមរយៈការបង្កើនប្រាក់ចំណូលខ្ពស់ជូនដល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។លោក អ៊ាង សុផល្លែត ថ្លែងបែបនេះ ក្នុងជំនួបជាមួយ លោក ស៊ាង ប៉េង (XIE BING) ប្រធានក្រុមហ៊ុន ONEROAD GROUP ដែលកំពុងវិនិយោគនៅកម្ពុជាមានរយៈពេលជាង ២ឆ្នាំមកហើយ និងមានទីតាំងនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ។
ក្នុងឱកាសនោះ លោក ស៊ាង ប៉េង បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន ក្នុងគោលបំណងស្វែងរកការគាំទ្រលើការវិនិយោគនៅកម្ពុជាក្នុងក្របខណ្ឌគម្រោងបៃតង ដែលរួមមានការរៀបចំទីលានប្រណាំងសេះ សណ្ឋាគារ និងរថយន្តអគ្គីសនីដោយប្រើប្រាស់ថាមពលស្អាត។
ជាការឆ្លើយតបលោក អ៊ាង សុផល្លែត បានសម្ដែងនូវការថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន ONEROAD GROUP ដែលបានរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ច តាមរយៈគម្រោងវិនិយោគនានានៅកម្ពុជា ជំនួសមុខនិងជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត លោកសូមស្វាគមន៍គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ដែលបានគិតគូរ និងយកចិត្តទុកដាក់ដោយចំពោះលើវិស័យបរិស្ថាន ជាពិសេសគាំទ្រដល់កិច្ចគាំពារបរិស្ថានរបស់កម្ពុជា។ ចំពោះក្រសួងបរិស្ថានផ្ទាល់សូមគាំទ្រនូវរាល់គម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមយុទ្ធសាស្រ្តគន្លឹះ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើការងារអាទិភាពចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
ស្របពេលជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនរៀបចំគម្រោងការងារសកម្មភាពលំអិត ដើម្បីក្រសួងមានមូលដ្ឋានក្នុងការពិនិត្យ និងពិចារណា វាយតម្លៃ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យថែរក្សាការពារធនធានធម្មជាតិដែលជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងការអភិវឌ្ឍដោយចីរភាព៕