គ.ជ.ប៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានគូសបញ្ជាក់ថា សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយបក្សទាំងបួននោះរួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្ស ឆន្ទៈខ្មែរ ៣- គណបក្ស កម្លាំងជាតិ និងទី៤- គណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក។

ជាមួយគ្នានេះលោក បញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានបញ្ចប់ រួចហើយ ដោយមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមាន៖១- គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ) ២- គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ) ៣- គណបក្ស កម្លាំងជាតិ ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ) និងទី៤- គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ)។

លោក ប្រាជ្ញ ចន្ទ បន្ថែមថា រីឯការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរួចនូវបញ្ជីឈ្មោះតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលមានអ្នកបោះឆ្នោត សរុប ១១,៧៤៧ នាក់ ។

ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណង បម្រើឱ្យការប្តឹងតវ៉ាឬប្តឹងជំទាស់ បន្ទាប់មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លើសពីនេះទៀត លោក ប្រាជ្ញ ចន្ទ បញ្ជាក់ទៀតថា នៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨ ។

ជាងនេះទៀត លោកប្រធានគ.ជ.ប សង្កត់ធ្ងន់ថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការឃោសនា បោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត និងអង្គបោះឆ្នោតអាចស្គាល់បានដោយ ងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។

សូមបញ្ជាក់ថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងបញ្ចប់ដោយរលូន។ ដោយលទ្ធផលរកឃើញថា គណបក្សប្រជាជនកម្ពុជា ឈរនៅលំដាប់លេខរៀងទី១ គណបក្ស ឆន្ទៈខ្មែរឈរនៅលំដាប់លេខរៀងទី៣ គណបក្សហ៊្វុនស៊ិនប៉ិចឈរនៅលំដាប់លេខរៀងទី៣ និង គណបក្ស កម្លាំងជាតិ ឈរនៅលំដាប់លេងរៀងទី៤៕