ភ្នំពេញ ៖ មន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៤៩ នាក់ បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
យោងតាមលិខិតបែកធ្លាយរបស់មន្ត្រីនគរបាលដែលត្រូវបានដាក់ចូលទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ បានសរសេរថា ៖«យើងខ្ញុំដែលជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មានកត្តិយសសូម គោរពជម្រាបជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គស្នងការរង និងជាសួងការនគរបាលរាជធានី ភ្នំពេញ មេត្តាជ្រាបថា៖ ចាប់តាំងពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសចូលមកកាន់ដំណែងជាអធិការ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មក បានបង្កើតនូវបាតុភាពមិនប្រក្រតី ប៉ះពាល់សតិអារម្មណ៍កងកម្លាំង និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង »។
បើតាមលិខិតនេះ ក្នុងនោះមានដូចដូចជា៖ ស្នើសុំតែងតាំងតួនាទី ឋានន្តរសក្តិមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយគ្មានការប្រជុំ វាយតម្លៃត្រឹមត្រូវ ដោយថ្នូរជាប្រាក់ពី ៨០០ដុល្លារ ទៅ ១.០០០ដុល្លារ (តួនាទីនាយរងប៉ុស្តិ៍ និងនាយរងផ្នែក) ដោយ គ្រាន់តែហៅ លោក-លោកស្រីអធិការរងមកចុះហត្ថលេខា ជាការស្រេច។
ស្នើសុំតែងតាំងលោកអនុសេនីយ៍ឯក ស៊ុ សុផានិត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ទៅជានាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ជំនួសលោកនាយប៉ុស្តិ៍ចាស់ដែលត្រៀមចូលនិវត្តន៍ ជាថ្នូរនឹងប្រាក់ ដោយមិនគិតពីអតីត ភាពការងារ ។ ប្រើប្រាស់កម្លាំងស៊ីវិល មកត្រួតត្រាលើកងកម្លាំងនគរបាលខណ្ឌកំបូល។
កងកម្លាំងអន្តរាគមន៍គ្មានរបបឧបត្ថម្ភ គ្មានរបបបាយ (បើអ្នកណាហ៊ានតវ៉ា ហៅមកសរសេរស្វ័យរបាយ ការណ៍) ។ចាប់តាំងពីលោកអធិការចូលមក គាត់បានឲ្យកងកម្លាំងអន្តរាគមន៍ រើកន្លែងស្នាក់នៅចំនួនពីរដង តាមតែចិត្ត គាត់ គ្មានស្តាប់យោបល់របស់លោក-លោកស្រីអធិការរងណាម្នាក់ឡើយ ។ និង ការងារសវនកម្ម បានប្រមូលលុយពីប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ ១០០ដុល្លារ ចំនួន៧ប៉ុស្តិ៍ ស្មើនឹង ៧០០ដុល្លារ។ ផ្នែក ចរាចរណ៍ ២០០ដុល្លារ, ផ្នែកអន្តោប្រវេសន៍ ១០០ដុល្លារ, ផ្នែកព្រហ្មទណ្ឌ ១០០ដុល្លារ, ផ្នែកគ្រឿងញៀន ១០០ដុល្លារ ផ្នែកសន្តិសុខ ១០០ដុល្លារ ជាដើម ។
ជុំវិញបញ្ហានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ស្នើសុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោកកំពុងជាប់រវល់ ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា ការប្រមូលស្នាមមេដៃនិងការចោទប្រកាន់ខាងលើ លោកនៅមិនទាន់ទទួលបានព័ត៌មាននិងបានឃើញលិខិតនៅឡើយទេ។ យ៉ាងណាលោកបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់លោក ដោយលោកថា រាល់ថ្ងៃនេះលោកបានបំពេញទៅតាមតួនាទីភារកិច្ច និងតាមនីតិវិធី អ្វីដែលសំខាន់គឺធ្វើយ៉ាងណាបម្រើការពារសន្ដិសុខជូនប្រជាពលរដ្ឋ៕