ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា សម្ដេចបេជ្ញាបន្ត អនុវត្ត នូវបាវចនាចំនួន៥ពាក្យ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» ដើម្បីឱ្យសង្គមជាតិ បន្តទទួលបាននូវភាព ស្អាត ស្អំ។
តាមរយៈសារលិខិត ក្នុងឱកាសអបអរទិវាជាតិនិងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច បានថ្លែងថា រាជរដ្ឋាភិបាល សម្តេចតេជោ អាណត្តិ ទី ៤ នាឆ្នាំ ២០១០ បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រដែលនោះ គឺជាការអនុម័តបាននូវច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងការបង្កើតនូវស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមានអង្គចំនួន ២គឺ ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ បន្តថា រាជរដ្ឋាភិបាល សម្តេចតេជោ បានអនុវត្តជា បន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំកម្ពុជា ក្លាយជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយសង្គតិភាព ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ បាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយ យល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់ ៥ពាក្យរបស់ សម្តេចតេជោ គឺ«ឆ្លុះកញ្ចក់ ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» បានបញ្រ្ជាបចូលយ៉ាងឆាប់រហ័ស ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់ ។
ជាមួយគ្នានោះ «សម្ដេចបញ្ជាក់ថា មកដល់អាណត្តិថ្មី អាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលមានទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណាខ្ញុំជាប្រមុខ ក៏នៅ តែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យនេះ ហើយប្រាកដ ណាស់ បើយើង ឆ្លុះកញ្ចក់ – ងូត ទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ ឱ្យបានជាប្រចាំ ហើយសង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាព ស្អាត ស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ ព្រះរាជាណាចក្រកម្ពុជា។ ឱ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ យើងរារាំងភ្លាម»។
លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧នេះ សម្ដេច បេជ្ញាបន្តវរភាពគំរូ របស់ សម្ដេច តេជោ ក្នុងការជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោត លើការ លើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាល ដោយផ្តោត អាទិភាព លើការងារចំនួន៥ រួមមាន៖ ទី១-ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ ។
ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ចនិងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ ។ ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ។
ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។និងទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និង លើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ៕