ឡាវ៖ ប្រទេសកម្ពុជា-ឡាវ – វៀតណាមក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងបីប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងបី។
ការប្តេចជ្ញានេះធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលបិទបញ្ចប់កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ប្រកបដោយជោគជ័យ ក្រោមវត្តមាន សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងវៀតណាម ។
លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។
កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលសរុបចំនួនប្រមាណ៣០០នាក់។
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ គឺជាការតម្លើងការជួបប្រជុំគ្នារវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិតគណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា គំាទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តាមរយៈការលើកកម្ពស់យន្តការសភានៃប្រទេសទំាងបី ឱ្យកាន់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ សម្តេច ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការពង្រឹងយន្តការសភាក្នុងការចូលរួមដល់គម្រោងអភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។
សម្តេច ឃួន សុដារី បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (Micro, Small and Medium-sized Enterprises “MSME” និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យ របស់សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។
តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត។
កិច្ចប្រជុំកំពូលសភា CLV បានវាយតម្លៃខ្ពស់លើសមិទ្ធផលទំាងឡាយដែលរដ្ឋាភិបាលប្រទេសទំាងបី បានសម្រេចកន្លងមក ទំាងបទដ្ឋានគតិយុត្តិ គោលនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។ នៅក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំបានពិភាក្សា និងស្តាប់របាយការណ៍ ពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលបានអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
នៅពេលបិទកិច្ចប្រជុំ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សាយសំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ នៅពេលនោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Statement) នៃលទ្ធផលកិច្ចប្រជុំ។ នៅឆ្នាំ២០២៥ រដ្ឋសភាប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសភា CLV លើកទី២៕