ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ បានទទួលជួបលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីពិភាក្សាការងារ។
នៅក្នុងជំនួបនេះ លោក កើត រិទ្ធបានបញ្ជាក់ជូនលោក វិទិត មុនតាប៊ន អំពីការងារអាទិភាពដែលក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំដាក់ចេញ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលការងារនេះ គឺជាវិធានការគន្លឹះជាអាទិភាពមួយក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយឱ្យសម្រេចជាលទ្ធផលក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។
លោក វិទិត មុនតាប៊ន បានសម្តែងនូវការស្វាគមន៍ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើនាពេលកន្លងមក និងបានសម្តែងនូវការគាំទ្រចំពោះការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលក្រសួងបាននឹងកំពុងរៀបចំដាក់ចេញនេះ ជាពិសេស ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕