អៀរឡង់ ប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភ

ភ្នំពេញ៖ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអៀរឡង់ ប្ដេជ្ញាចិត្តបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា បន្ថែមទៀត ក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភ តាមរយៈជំនួយថ្នាក់តំបន់។លោកស្រី Deirdre Ní Fhallúin ថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។

ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ បានសម្ដែងនូវការថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។

ជាការឆ្លើយតប លោកស្រី Deirdre Ní Fhallúin បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់។

ជាមួយគ្នានោះ ភាគីទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ លើសពីនេះទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕