ភ្នំពេញ៖ USAID បានសម្តែងការសោកស្ដាយ ក្រោយពីទើបបានដឹងថា ដំរីសំបូរ ដែលគេស្គាល់ថាជា«ដំរីវត្តភ្នំ» បានងាប់ កាលពីយប់ថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២៣នេះ នៅខេត្តមណ្ឌលគិរី និងបានចាត់ទុកថា ដំរីសំបូរជាវីរជន នៃវិស័យទេសចរណ៍កម្ពុជា។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកUSAID បានឱ្យដឹងថា ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេសជាច្រើនចងចាំអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយសំបូរ ព្រោះវាបានបម្រើវិស័យទេសចរណ៍ក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់វាចូលនិវត្តន៍។
USAID បញ្ជាក់ថា «សំបូរជាដំរីចំណាស់ជាងគេនៅកម្ពុជា ដែលមានអាយុ ៦៣ឆ្នាំ ហើយដែលបានរួចជីវិតពីរបបខ្មែរក្រហម។ ដំរីសំបូរជាវីរជននៃវិស័យទេសចរណ៍កម្ពុជា»។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ ទីភ្នាក់ងារជំនួយអាមេរិក USAID បានជួយផ្លាស់ទីសំបូរពីភ្នំពេញទៅផ្ទះចូលនិវត្តន៍របស់វា នៅខេត្តមណ្ឌលគិរី ជាកន្លែងដែលសំបូរបានរស់នៅជិត ១០ឆ្នាំ នៅក្នុងបរិយាកាសហ៊ុព័ទ្ធដោយព្រៃឈើបៃតងខៀវស្រងាត់ដែលវាស្រលាញ់៕