ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២៣នេះបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិ ផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ (គ.អ.ម.ផ) ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.អ.ម.ផ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក និងសមាជិកា នៃ គ.អ.ម.ផ ជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោក ខៀវ ភារិទ្ធ ប្រធាន គ.អ.ម.ផ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ អនុប្រធានអចិន្ដ្រៃយ៍, អនុប្រធាន និងសមាជិកទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីរួបរួមគ្នាកិច្ចការងារសំណល់ជាតិផ្ទុះពីសង្គ្រាម។
សូមជម្រាបជូនថា គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ (គ.អ.ម.ផ) មានភារកិច្ច ធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អំពីការងារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងដាក់ចេញនូវគោលការណ៍ ផែនការសកម្មភាព ដើម្បីអនុវត្តផែនការយុទ្ធសាស្ដ្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
លើសពីនេះ គណៈបញ្ជាការនេះ ក៏ដឹកនាំ ជំរុញសកម្មភាពកងកម្លាំងនគរបាលក្នុងរចនាសម្ព័ន្ធ គ.អ.ម.ជ ដែលត្រូវចូលរួមអនុវត្ត ផែនការយុទ្ធសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយសម្របសម្រួល សហប្រតិបត្តិការជាមួយអង្គភាពប្រតិបត្តិករកំចាត់មីន ក្រសួង ស្ថាប័ន អង្គភាព និងអង្គការជាតិ អន្តរជាតិ ប្រទេសជាដៃគូអភិវឌ្ឍលើការងារកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិ ផ្ទុះពីសង្គ្រាម ក្រោមការសម្របសម្រួលពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (CMAA)៕