ភ្នំពេញ៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញទន្លេ មិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតសត្វផ្សោត។
ក្នុងឱកាសអញ្ជើញសម្ពោធពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គកម្ពុជា» រៀបចំដោយអង្គការមូនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានភាសាបារាំង លោកឌិត ទីណា បានថ្លែងថា សត្វផ្សោតសព្វថ្ងៃនេះ ត្រូវការ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមចំណែកការពារ និងអភិរក្សសត្វផ្សោត ឱ្យបានគង់វង្ស និងធ្វើយ៉ាងណាជំរុញឱ្យមានចំនួនកើនឡើង ដើម្បីទុកជារតនសម្បត្តិធម្មជាតិ។
ជាមួយគ្នានោះលោក «បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញទន្លេ មិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ពីព្រោះសត្វផ្សោត នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម»។
លើសពីនេះទៀត លោករដ្ឋមន្ត្រីឌិត ទីណា ក៏បានលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មាន នៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតមានឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោត កាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាទុកជារតនសម្បត្តិធម្មជាតិ ដល់កូនចៅគ្រប់ជំនាន់ឱ្យបានស្គាល់៕