ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យលោក បានចេញលិខិតមួយកំណត់ឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ និងលោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភ្លឺករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារ ដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។
ក្នុងលិខិតចុះហត្ថលេខាដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានបណ្តាញផ្សព្វផ្សាយក្នុងស្រុកយកមកចុះផ្សាយនៅថ្ងៃទី២៩ កញ្ញានេះ បានឱ្យដឹងថា ស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះបានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា។
ក្នុងនោះការមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក សួរ ភ័ក្រសំពង្ស និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតនោះ គឺថា លោក សួរ ភ័ក្រសំពង្ស និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រីឡើយ។
សូមជម្រាបថា ចំណាត់ការរបស់ ACU បែបនេះគឺធ្វើឡើងបន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះ បានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ និងយោងតាមស្មារតីប្រជុំពិនិត្យពាក្យបណ្តឹងចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
ACU បានសង្កត់ធ្ងន់ថា ការបំភ្លឺជុំវិញករណីខាងលើនេះ គឺត្រូវធ្វើឡើងឱ្យបានឆាប់ ហើយការបំភ្លឺនេះទៀតសោត គឺជាមូលដ្ឋានសម្រាប់ ACU ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕