ឪពុកខឹងកូនប្រដៅមិនស្តាប់ ទាញអង្រែបុកគ្រឿងសំពងបែកក្បាលហូរឈាមដេរជាច្រើនថ្នេរ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទីល្ងាច មានករណីហិង្សាដោយចេតនា កើតឡើងរវាងឪពុកវាយទៅលើកូន នៅចំណុចភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនដៃដល់ជាឪពុក ឈ្មោះ អ៊ូ ហូយ អាយុ៥១ឆ្នាំ ចំណែកកូនជាជនរងគ្រោះឈ្មោះ ហ៊ីង ប្រហើស ភេទប្រុស អាយុ២៣ឆ្នាំ ជនរងគ្រោះនិងជនដៃដល់រស់នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ អ៊ូ ហូយ ជាឪពុកបានដើរទៅមើលម្ដាយក្មេកឈ្មោះ សៅ មត់ ដែលកំពុងដេកឈឺនៅនឹងកន្ទេល នៅផ្ទះរបស់គាត់ស្ថិតក្នុងភូមិ-ឃុំជាមួយគ្នា ។ ពេលទៅដល់ឃើញកូនប្រុសរបស់ខ្លួនឈ្មោះ ហ៊ីង ប្រហើស ដេកនៅទីនោះដែរ ហើយបានស្ដីប្រដៅក្នុងនាមជាឪពុក និងកូន ដោយខឹងប្រដៅជនរងគ្រោះមិនស្ដាប់ ក៏កើតជាកំហឹងយកកូនអង្រែឈើបុកគ្រឿងមានរាងមូល ប្រវែង៣២ស.ម នៅលើតុបាយ (ក្រោមផ្ទះម្តាយក្មេក) វាយសំពងទៅលើរូបកូន០១អង្រែ ត្រូវចំក្បាលផ្នែកខាងលើ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាមតែម្តង ។

លោក បន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញព្រហ្មទណ្ឌ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយចារ ចុះដល់កន្លែងកើតហេតុនិងនាំខ្លួនជនដៃដល់សាកសួរ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕