ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ។
ក្នុងឱកាសជំនួបពិភាក្សា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេ ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ស៊ូវគី មេឌីហ្សាដា ដែលត្រូវបានរដ្ឋាភិបាលអាស៊ែបៃហ្សាន ផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។
សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញជាមួយឯកឧត្តម ដើម្បីជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ។
ជាមួយគ្នានេះ សម្តេចសង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ លោក ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សាន នឹងបន្តរីកលូតលាស់បន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
សម្តេច ឃួន សុដារី បានលើកឡើងថា អាស៊ែបៃហ្សាន ជាប្រទេសដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ក្នុងសម័យសហភាពសូវៀត ហើយបញ្ញាវន្តខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអាស៊ែបៃហ្សាន បានក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ននេះ។
សម្តេចក៏បានរំលឹកឡើងវិញនូវចំណងមិត្តភាពនិងការទូតនៃប្រទេសទំាងពីរ ដែលបានពង្រឹងពង្រីកជាបន្តបន្ទាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គួររំលឹកថា សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សាន កាលពីឆ្នាំ២០១៤ ហើយកាលពីឆ្នាំ២០២២ថ្មីៗនេះ លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែបៃហ្សាន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសភា ទាំងកម្រិតទ្វេភាគី និងពហុភាគី។
លោក ស៊ូវគី មេឌីហ្សាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែល សម្តេចបានអនុញ្ញាតឱ្យលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកអគ្គរដ្ឋទូតរូបនេះ បានអបអរសាទរចំពោះជោគជ័យធំធេង ដែលកម្ពុជាបានរៀបចំការបោះឆ្នោតសកលនាពេលថ្មីៗ និងបានអបអរសាទរចំពោះ សម្តេច ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។
លោក ស៊ូវគី មេឌីហ្សាដា បានទទួលយកសំណើរបស់ សម្តេចរដ្ឋសភាធិបតី និងបានប្តេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ លោក ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាប្រទេសអាស៊ែបៃហ្សង់ បានក្លាយជាអ្នកសង្កេតការណ៍អន្តរសភាអាស៊ាន កាលពីឆ្នាំកន្លងទៅ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIPA លើកទី៤៣នោះ។
លោក ស៊ូវគី មេឌីហ្សាដា នឹងពំានាំសំណូមពរនិងសំណើ ព្រមទំាងសារជូនពររបស់ សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំអាស៊ែបៃហ្សាន។ ជាថ្មីម្តងទៀត លោកសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ឱ្យមានការរីកម្រើនឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ។ លោកបានលើកឡើងនូវគំនិតផ្តួចផ្តើមការបង្កើតសមាគមអតីតនិស្សិតកម្ពុជានិងអាស៊ែបៃហ្សាន ដើម្បីពួកគេបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងបានសិក្សាពីភាសា ប្រវត្តិសាស្រ្ត វប្បធម៌ ពីគ្នាទៅវិញទៅមកផងដែរ៕