ក្រុមចោរជំនាញលួចកញ្ចក់រថយន្ត លួច(កាច់ក) ម៉ូតូ ត្រូវចាប់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២:៥០នាទី លោក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកប៊ុត សុីម៉េង បានចុះល្បាតតាមផ្លូវលេខ៦៣កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាពគាស់យកកញ្ចក់រថយន្តដែលចតទុកចោលបានសម្រេច។

របាយការណ៍នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី២៨ខែសីហានេះឲ្យដឹងថាភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចកេីតហេតុភ្លាមៗ នឹងបន្តប្រដេញឃាត់បានជនសង្ស័យ០១នាក់ទៀតបាននៅចំណុចផ្លូវលេខ១៩កែងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដែលមានឈ្មោះ៖

១.ឈ្មោះ សេត វណ្ណឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២.ឈ្មោះ ថោង សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវលំ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៣.ឈ្មោះ ណាត កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញយេីងមានការសង្ស័យថាជនសង្ស័យដែលមានឈ្មោះខាងលេីមានការពាក់ព័ន្ធករណីលួចម៉ូតូដែលប្រព្រឹត្តនៅចំនុចមុខផ្ទះលេខ៨៩Eo ផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កម្លាំងជំនាញបានបង្ហាញវីឌីអូកាំមេរ៉ាសុវត្ថិភាពអោយទៅជនសង្ស័យទាំង០៣នាក់មេីល ពេលនោះជនសង្ស័យឈ្មោះ សេត វណ្ណឌី ចង្អុលថាម៉ូតូម៉ាកនិច ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 1JC-6384ពិតជារបស់ខ្លួនឌុបបក្សពួកដែលមានឈ្មោះ ញីវ មកធ្វេីសកម្មភាពលួចម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HG-5904នៅចំណុចខាងលេីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ញីវ បានយកម៉ូតូដែលលួចជិះគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួន សំភារ:មួយចំនួនត្រូវដកហូតមាន៖១. ម៉ូតូស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JC-6384(របស់ជនសង្ស័យ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-7989(របស់ជនសង្ស័យ)។ និង៣.កញ្ចក់រថយន្ត១ចំហៀង (របស់ជនរងគ្រោះ)

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕