អាណិតណាស់! ក្មេងឃ្វាលគោ អាយុ ១១ ឆ្នាំ ម្នាក់រងរបួសដាច់ជើងម្ខាងដោយផ្ទុះមីននៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានករណីផ្ទុះមីននៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបណ្តាលឱ្យជនរងគ្រោះឈ្មោះ សេវ លីច ភេទប្រុស អាយុ ១១ ឆ្នាំ រងរបួសដាច់ជើងម្ខាង នៅពេលដែលជនរងគ្រោះទៅឃ្វាលគោ នៅក្នុងចម្ការចន្ទី។ នេះបើតាមអាជ្ញាធរមីននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

អាជ្ញាធរមីនបញ្ជាក់ទៀតថា បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

អាជ្ញាធរមីនបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕