សម្តេច ហ៊ុន សែន ស្នើថ្នាក់ដឹកនាំជំនាន់ថ្មីយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋឱ្យបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីជិតផុតអាណត្តិបានស្នើឱ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋអោយបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេស ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ការស្នើរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្នុងពេល អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ឱ្យ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។

អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមាន លោក បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេច ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។

តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕