រដ្ឋាភិបាលសម្រេច កែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ ពីផ្ទៃដីទំហំ៤៣១ ៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩ ៦៦៣ ហិកតា

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេច កែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ ពីផ្ទៃដីទំហំ៤៣១ ៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩ ៦៦៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣បាន បញ្ជាក់ថា ផ្ទៃដីដែនជម្រកសត្វព្រៃព្រៃឡង់ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១ ៦៨៣ ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃព្រៃឡង់ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៥៧ ៩៨០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

ការបង្កើតអនុក្រឹត្យនេះមានគោលបំណង ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយមាន ការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព និង លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

បើតាមអនុក្រឹត្យនេះ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយសហការ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តក្រចេះ រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្ត ព្រះវិហារ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីការបង្កើត ដែនជម្រកសត្វព្រៃព្រៃឡង់ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ៕