សមត្ថកិច្ចជំនាញ​ ក.ប.ប. សាខាខេត្តតាកែវកម្ទេចចោលទំនិញខូចគុណភាពជាង ២តោន

ខេត្តតាកែវ៖ សមត្ថកិច្ចជំនាញ​ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងដោយមានការអនុញ្ញាតិពីសំណាក់ព្រះរាជអាជ្ញា នៅ
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោលទំនិញពុំមានអនុលោមភាពចំនួន ២ ៧០០.៦៦គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ទំនិញខូចគុណភាពដែលសមត្ថកិច្ចជំនាញធ្វើការកម្ទេចចោលគឺសុទ្ធតែជាទំនិញដែលបានរកឃើញ និងដកហូតពីទីផ្សារកន្លងមក និងជាទំនិញងាយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ជាដើម។

សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចជំនាញ ក.ប.ប. តែងតែឃ្លាំពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារ ឃ្លាំងស្កុក និងចែកចាយ សិប្បកម្ម ។ល។ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងអនុវត្តច្បាប់លើធុរកិច្ចជនដែលមិនគោរពច្បាប់ផងដែរ៕