អ្នកជំនាញទេសចរណ៍៖ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Samra Seaplane និងក្រសួងទេសចរណ៍លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកគឺជាសញ្ញាល្អសម្រាប់កម្ពុជា

ភ្នំពេញ៖ អ្នកជំនាញវិស័យទេសចរណ៍ បានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Samra Seaplane និងក្រសួងទេសចរណ៍លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកគឺជាសញ្ញាល្អសម្រាប់កម្ពុជា នៅក្នុងវិស័យទេសចរណ៍ ដែលនឹងមានវិសេវាកម្មថ្មីមួយបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក ស្រីឆាវ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសរណ៍កម្ពុជា ប្រាប់ Khmer CM នៅថ្ងៃទី២ ខែសីហា នេះ ឱ្យដឹងថា មួយវិញទៀត វានឹងចូលរួមចំណែកយ៉ាងច្រើននៅក្នុងវិស័យសេដ្ឋកិច្ច ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចូលមកកម្ពុជា ក៏ដូចជា ដើម្បីសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រីថ្លែងថា៖ “ មិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងផ្តល់ឱកាសការងារ នៅក្នុងតំបន់ ក៏ដូចជាជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ផងដែរ” ។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ KhmerCM នៅថ្ងៃទី២ ខែសីហានេះ ថា លោកគាំទ្រ ចំពោះក្រុមហ៊ុនដែលស្វែងរកកិច្ចសហប្រតិបត្តិការនេះពីក្រសួងទេសចរណ៍ និងរដ្ឋាភិបាល ។
លោកបន្តថា ទោះបីក្រុមហ៊ុន មានលុយច្រើនយ៉ាងណាក្តី បើមិនមានការគាំទ្រពីរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដែលជាសេនាធិការ ក៏មិនអាចដំណើការបានដែរ។

លោកថ្លែងថា៖ “នេះជាអ្វីដែលយើងត្រូវការដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរលំដាប់ខ្ពស់ យើងមាន អំណោយផលធម្មជាតិវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់មានសេវាកម្មបំពេញបន្ថែមដើម្បីគាំទ្រទើបគ្រប់តម្លៃនែការទាក់ទាញ” ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសិហនុក៏បាន បានប្រកាសគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនេះ ជាពិសេសគាំទ្រចំពោះវិនិយោគរបស់ក្រុមដែលធ្វើឱ្យមានសេវាកម្ម កម្សាន្តសម្បូរបែប ដែលនឹងជួយជំរុញភ្ញៀវទេសចរណ៍ ឱ្យមកលេងខេត្តព្រះសីហនុបន្ថែមទៀត ។

ទោះជាយ៉ាងណា លោក ស្នើ ឱ្យក្រុមហ៊ុនត្រូវមានច្បាប់អនុញ្ញាតិ និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមយន្តហោះរបស់ខ្លួន មុននឹងដាក់ ឱ្យដំណើការសេវាកម្មរបស់ខ្លួន ។

ជុំវិញបញ្ហានេះ លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។

នៅ្នុងជំនួបនេះ លោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ដែលផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ ។

ជាមួយគគ្នានេះ លោក នឹងស្នើសុំការគាំទ្រជាផ្លូវពីការឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះឲ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច។

បើតាមក្រសួងទេសចរណ៍ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ល។ ៕