ឃាត់ខ្លួន លោក អ៊ួន សារ៉ាត់ និងមនុស្ស២នាក់ ករណីបង្កើតវីដេអូដោយជួលក្មេងៗឲ្យបង្ហោះម៉ូតូ ហើយថតដើម្បីទាក់ទាញចំណាប់អារម្មណ៍

តាកែវ៖ សមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួន លោក អ៊ួន សារ៉ាត់ ដែលត្រូវបានគេស្គាល់ថា ជាគ្រូបណ្តុះបណ្តាលផ្លាស់បន្តូរផ្នត់គំនិត និងបក្សពួក ២ នាក់ផ្សេងទៀត ក្នុងករណីបង្កើតវីដេអូ ដោយជួលក្មេងៗ ឱ្យបង្ហោះម៉ូតូ ហើយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។

អធិការដ្ឋាននគរបាលស្រុកបាទីនៅថ្ងៃទី២ ខែមិថុនានេះ ឱ្យដឹងថានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

ប្រភពដដែលនេះបន្តថា ជនសង្ស័យទាំង ៣ នាក់នោះរួមមាន ១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និង ៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

សមត្ថកិច្ចរៀបរាប់ថា មុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជេីងថា សាងមិចបានអញ្ចឹង។

សមត្ថកិច្ចបន្ថែមថា វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។

ដោយមានការចង្អុលបង្ហាញពី លោក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣ នាក់ខាងលេី ១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ ២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ និង ៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដេីម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី៕