ផលិតផលចម្រុះខូចគុណភាពជាង ៤ តោន ត្រូវបានបំផ្លាញចោលនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផលិតផល មានដើមកំណើតពីសត្វ និងផលិតផលចម្រុះ ចំនួនជាង ៤ តោន (៤.៤៤១ គីឡូក្រាម)ដែលខូចគុណភាព ត្រូវបានសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដកហូត នៅច្រកព្រំដែនតំបន់បឹងត្រកួន ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបំផ្លាញចោល នៅថ្ងៃទី២ ខែមិថុនានេះ។

សមត្ថកិច្ចចម្រុះ រួមមាន ក្រុមអន្តរាគមន៍ការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ គយ ការិយាល័យ ច្រកព្រំដែន តំបន់បឹងត្រកួន និងគយចល័ត ចំណុចសាលាក្រហម នៃសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ, មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខាខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋាននេះ(ក.ប.ប)។

បើតាមសមត្ថកិច្ច ផលិតផលចម្រុះខាងលើ ត្រូវបានឈ្មួញកម្ពុជា និងថៃ បានឃុបឃិតនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួន តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានផ្ទេរដាក់រថយន្តកម្ពុជា ១គ្រឿង ម៉ាក HYUNDAI ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់ និងជាអ្នកបើកបរ ឈ្មោះ លឹម ចាន់លាង ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរស៊ីឈ្នួលដឹកទំនិញ ទំនិញមិនអាចបង់ពន្ធគយបាន។

មន្ត្រីពេទ្យសត្វមួយរូបដែលចូលរួមសហការបង្ក្រាបលើករណីនេះ បានបង្ហើបឱ្យដឹងថា ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពហើយ ព្រោះតែរក្សាទុក ក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប និងមានរយៈពេលច្រើនថ្ងៃ។

ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះ បានដកហូតផលិតផលចម្រុះ សរុប ៤.៤៤១ គីឡូក្រាម មានដូចជា ១-ពោះតាន់ជ្រូក ចំនួន ១១ កេះ ស្មើនឹង ៤៤០ គីឡូក្រាម (១កេះ ស្មើនឹង ៤០ គីឡូក្រាម) ។ ២-ជើងទា ចំនួន២១កេះ ស្មើនឹង ៥២៥ គីឡូក្រាម (១កេះ ស្មើនឹង ២៥ គីឡូក្រាម)។ ៣-ប្រហិតសាច់មាន់ ចំនួន ២៣កេះ ស្មើនឹង ២៧៦ គីឡូក្រាម (១កេះស្មើនឹង ១២គីឡូក្រាម) ។ ៤-ខ្យងប៉ារ៉ា ចំនួន ៤០កេះ ស្មើនឹង ២០០ ថង់ ស្មើនឹង ២០០ គីឡូក្រាម។ ៥-សាច់មឹក ចំនួន ១០០ កេះ ស្មើនឹង ១.០០០ ថង់ ស្មើនឹង ១.០០០ គីឡូក្រាម ។ ៦-ត្រីសាបាក់ ចំនួន ២០០ កេះ ស្នើនឹង ២.០០០ គីឡូក្រាម។

ជាមួយគ្នានេះ វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍ នីតិវិធីពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោល តាមវិធានបសុពេទ្យ នៅថ្ងៃទី ថ្ងៃទី២ ខែមិថុនានេះ៕