លោក ទុំ ប៊ុនថន អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ មានសេរីភាពហើយ

ភ្នំពេញ ៖ ក្រោយពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ លោកទុំ ប៊ុនថន ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ កាលពីរាត្រីថ្ងៃ១ មិថុនារួចមក នៅរសៀលថ្ងៃទី២ មិថុនា នេះ លោកត្រូវបានមន្រ្តីពន្ធនាគារសម្រេចដោះលែង ឲ្យមានសេរីភាពវិញហើយពីម៣ ក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ នេះបើតាមហ្វេសប៊ុករបស់លោក យឹម ស៊ីណន ចេញផ្សាយនាមុននេះបន្តិច ។

លោក ទុំ ប៊ុនថន រួមទាំងលោក អ៊ូ ច័ន្ទឬទ្ធិ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី នារាត្រីថ្ងៃ១ មិថុនា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខាលើកលែងទោស ។

សាលាដំបូងរាជធានីភ្នំពេញបានឃុំខ្លួនលោក ទុំ ប៊ុនថន ក្នុងពន្ធនាគារព្រៃស កាលពីចុងឆ្នាំ២០២០ ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការផ្ញើសារតាមលោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋផ្អាកសងបំណុលធនាគារបណ្ដោះអាសន្នរហូត ដល់ស្ថានភាពជំងឺកូវីដធូរស្រាល និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសងធនាគារ៕