សមត្ថកិច្ច ​សម្រេច​ចាប់ខ្លួន​អតីត​បុគ្គល​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ការរារាំង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

សមត្ថកិច្ច​ បានធ្វើការ​ឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ទាំង​២​នាក់ រួមមាន​៖ ទី១ លោក ជួប ចាន់​ណាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ទី​២ ឈ្មោះ សេង វណ្ណា​រិ​ទ្ធ ភេទ​ប្រុស ស្នាក់នៅ​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា​។ អ្នក​ទាំង​០២​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​នៅវេលា​ម៉ោង​៧៖៣០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ការចាប់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ទាំង​២​នាក់​នេះ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ កុម្ភៈ​​​​ បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វី​លដ៍ ដែល​បំពាន​វិធានការ​សុខាភិបាល​ក្នុងករណី​នៅតែ​ចចេស រឹងរូស បន្ត​ប្រមូលផ្តុំ ដែលជា​ហេតុ​បង្កឱ្យមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​ក្រសួងសុខាភិបាល​ប្រកាសថា បាតុករ​នៃ​ក្រុម​តវ៉ា​ម្នាក់​នៃ​ក្រុមហ៊ុន​នេះ​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​។​

​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ឱ្យ​សារព័ត៌មាន Fresh News នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៥ កុម្ភៈ​នេះ លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ការឃាត់​ខ្លួន​ពួកគេ​ទាំង​២​នាក់​នេះ យោងតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង​រារាំង​ដល់​ការ អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ យោងតាម​មាត្រា​១១ នៃ​ច្បាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩”​។​

​អ្នកនាំពាក្យ​ដដែល​នេះ បាន​បន្តថា បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់ ត្រូវបាន​នាំខ្លួន និង​បើក​ការសួរនាំ​នៅ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ក្នុង​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចំនួន​ពីរ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៥ កុម្ភៈ​នេះ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​ឈ្មោះ ជួប ចាន់​ណាត ភេទ​ប្រុស និង​ឈ្មោះ សេង វណ្ណា​រិ​ទ្ធ ភេទ​ប្រុស មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ការ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពី​ដំណើររឿង​រារាំង​ដល់​ការអនុវត្ត​វិធានការ​។​

​អ្នក​ទាំងពីរ​នឹង​អាច​ប្រឈម​ជាប់ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​២​លាន​រៀល​ដល់​១០​លាន​រៀល និង​អាច​ប្រឈម​ជាប់ពន្ធនាគារ​ចន្លោះ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​៥​លាន​រៀល​ដល់​២០​លាន​រៀល កាលបើ​អំពើ​ខាងលើនេះ​បណ្ដាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ក្នុងករណី​ដែល​ពួកគេ​ត្រូវបាន​តុលាការ​រកឃើញថា​បាន​ប្រព្រឹត្តបទល្មើស​ស្របតាម​ខ្លឹមសារ​មាត្រា​១១ នៃ​ច្បាប់់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ស្តី​ពីបទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​៕​