អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការបន្តការលើកលែងការបង់ពន្ធប្រចាំខែរយៈពេល០៦ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ លើវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ និងជាផ្នែកមួយក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
ក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលនៅតែបន្តការលើកលែងការបង់ពន្ធប្រចាំខែនោះរួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
ការបន្តការលើកលែងការបង់ពន្ធប្រចាំខែរយៈពេលដូចគ្នានេះ ក៏ត្រូវអនុវត្តន៍ទៅលើក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ដោយក្នុងរយៈពេលនេះនឹងមិនតម្រូវឱ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចដើម្បីពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់ឡើងវិញ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងស្របនឹងនិន្នាការសកលនិងតំបន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យអចលនទ្រព្យ អាកាសចរណ៍ និងវិស័យទេសចរណ៍ផងដែរ៕