ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក បើទោះបីជានៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះអាចនឹងមានភ្លៀងកក់ខែច្រើន ក៏ប៉ុន្តែបរិមាណទឹកដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

តាមការព្យាករ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា La Nina ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ EL Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ភាគវិញ ព្រមជាមួយគ្នានឹងបាតុភូត EL Nino មានប្រមាណ ១០ភាគរយ។

ក្រសួង បន្តថា ចាប់ពីខែមេសា ដល់ខែឧសភា ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។ ក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី៣៥-៣៨អង្សាសេ។ តំបន់ខ្ពស់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣៤-៣៧អង្សាសេ ដោយឡែកសម្រាប់តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអតិបរមាអាចកើនឡើងពី ៣២-៣៥អង្សាសេ។

ក្នុងរដូវប្រាំងឆ្នាំនេះ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ២០២១។ ចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន ហើយព្រមជាមួយគ្នានេះក៏មានការកើនឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ។

ក្រសួង បានបន្តថា រដូវវស្សាឆ្នាំ២០២២ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែឧសភា៕